ការកែច្នៃឡើងវិញកំពុងផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង

Last updated: 21 August 2023
Share
ដៃរបស់មនុស្សម្នាក់ពាក់អាវពណ៌ខៀវ ស្បែកសជ្រះ និងក្រចកដៃលាបពណ៌ផ្កាឈូក កំពុងដាក់ក្រឡកែវទឹកប៉េងប៉ោះទៅក្នុងធុងក្រឡកែវកែច្នៃឡើងវិញពណ៌ស្វាយ។

ប្រព័ន្ធកែច្នៃឡើងវិញរបស់រដ្ឋវិចថូរៀកំពុងមានការផ្លាស់ប្តូរយ៉ាងធំធេង។ សេវាកម្ម និងរោងចក្រគាំពារការកែច្នៃឡើងវិញជាច្រើនកំពុងត្រូវបានដាក់ឲ្យដំណើរការនៅទូទាំងរដ្ឋ។ សេវាកម្មទាំងនេះនឹងជួយបញ្ឈប់ការចោលកាកសំណល់ចំនួន 80% ទៅទីលានចាក់សម្រាមត្រឹមឆ្នាំ 2030 និងស្តារឡើងវិញនូវវត្ថុកាន់តែច្រើនជាងមុនដើម្បីធ្វើផលិតផលថ្មីៗដូចជាសម្រាមរក្សាកុំឲ្យដីហួត ក្រឡកែវ និងផ្លូវថ្នល់។

ដូច្នេះសេវាកម្មកែច្នៃឡើងវិញនៅតំបន់មូលដ្ឋានរបស់អ្នក អាចនឹងផ្លាស់ប្តូរឆាប់ៗនេះ។ សាលាសង្កាត់មួយចំនួនបានដាក់ឲ្យអនុវត្តសេវាកម្មថ្មីៗរួចហើយ ខណៈពេលដែលសាលាសង្កាត់មួយចំនួនទៀតកំពុងរៀបចំផែនការផ្លាស់ប្តូរ។

ហេតុអ្វីបានជាយើងត្រូវការធុងថ្មីៗ

របៀបគ្រប់គ្រងកាកសំណល់ និងវត្ថុកែច្នៃឡើងវិញរបស់យើងតាមផ្ទះមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិស្ថានមួយប្រកបដោយសុខភាពល្អសម្រាប់សហគមន៍យើងរស់នៅ។

ការណែនាំឲ្យមានធុងវត្ថុកែច្នៃឡើងវិញ និងសេវាកម្មសម្រាប់កែវក្រឡ និងម្ហូបអាហារ និងកាកសំណល់សរីរាង្គសម្រាប់សួននៅទូទាំងរដ្ឋវិចថូរៀមានន័យថាការកែច្នៃវត្ថុកែច្នៃឡើងវិញកាន់តែស្អាត និងភាពកខ្វក់កាន់តែតិច។

ភាពកខ្វក់កើតមានឡើងនៅពេលកាកសំណល់ និងវត្ថុកែច្នៃឡើងវិញត្រូវបានដាក់ក្នុងធុងខុស។ ការធ្វើបែបនេះរារាំងមិនអាចឲ្យគេកែច្នៃឲ្យទៅជាផលិតផលថ្មីៗបាន។

ការញែកវត្ថុកែច្នៃឡើងវិញរបស់អ្នកបានត្រឹមត្រូវកាត់បន្ថយភាពកខ្វក់។ ការធ្វើបែបនេះនឹងមានឥទ្ធិពលវិជ្ជមានដល់បរិស្ថានរបស់យើង ខណៈពេលដែលកាកសំណល់កាន់តែតិចត្រូវបានចាក់ចោលនៅទីលានចាក់សម្រាម ហើយតម្រូវការសម្រាប់វត្ថុធាតុដើមថ្មី និងវត្ថុធាតុដើមត្រូវបានកាត់បន្ថយ។

សេវាកម្ម និងរោងចក្រកែច្នៃឡើងវិញថ្មី

ប៉ុន្មានឆ្នាំខាងមុខនេះសេវាកម្មធុងថ្មី និងកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញនឹងត្រូវបានបើកដំណើរការសម្រាប់ការកែច្នៃកែវឡើងវិញនូវកែវក្រឡ និងកាកសំណល់ម្ហូបអាហារ ហើយនិងសរីរាង្គសួន (កាកសំណល់អាហារ និងកំទេចកំណាត់រុក្ខជាតិតាមសួនច្បារ)។

សេវាកម្មកាកសំណល់អាហារ និងសរីរាង្គសួនច្បារ

យើងអាចកាត់បន្ថយបរិមាណកាកសំណល់ដែលត្រូវចាក់ចោលនៅទីលានចាក់សម្រាមបាន 50% ដោយដាក់កាកសំណល់អាហារ និងកំទេចកំណាត់តាមសួនច្បារក្នុងធុងម្ហូបអាហារ និងសរីរាង្គពីសួនច្បារ។ សារធាតុសរីរាង្គទាំងនេះអាចកែច្នៃជាផលិតផលសួនច្បារមានតម្លៃដូចជាសម្រាមរក្សាកុំឲ្យដីហួត ឬជីកំប៉ុស្តដែលគេតែងតែប្រើសម្រាប់សួនសហគមន៍ ឬឧទ្យានក្នុងតំបន់។

កាកសំណល់អាហារដាក់ក្នុងធុងសម្រាមរបស់អ្នកនឹងបញ្ចប់នៅទីលានចាក់សម្រាមដោយបង្កើតជាឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន ដែលជាឧស្ម័នវិលវល់នៅក្នុងបរិយាកាសផែនដីដែលរក្សាកម្តៅ។ នេះប៉ះពាល់ដល់គុណភាពខ្យល់ សុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ។

សេវាកម្មកែច្នៃកែវក្រឡ

កែវក្រឡអាចត្រូវបានកែច្នៃឡើងវិញម្តងហើយម្តងទៀតពីព្រោះវាមិនបាត់បង់គុណភាពតាមរយៈដំណើរការកែច្នៃឡើងវិញឡើយ។ អំបែងកែវអាចមុតជាប់នឹងវត្ថុកែច្នៃឡើងវិញ ដូចជាក្រដាសក្រាសរឹង និងប្លាស្ទិចដែលធ្វើឲ្យមានការលំបាកក្នុងការកែច្នៃឡើងវិញ។

កែវក្រឡកាន់តែច្រើនអាចត្រូវបានកែច្នៃឡើងវិញជាក្រឡ និងកែវដោយគ្រាន់តែដាក់កែវក្រឡកែច្នៃប្រើប្រាស់ឡើងវិញរបស់អ្នកក្នុងធុងដាច់ដោយឡែកនៅតាមផ្ទះ ឬយកវាទៅកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញ ឬស្ថានីយផ្ទេរប៉ុណ្ណោះ។ វាក៏កាត់បន្ថយភាពកខ្វក់នៅក្នុងធុងវត្ថុកែច្នៃឡើងវិញដែលដាក់ច្របូកច្របល់គ្នារបស់អ្នកផងដែរ ដោយធានាថាវត្ថុកែច្នៃឡើងវិញផ្សេងទៀតត្រូវបានស្តារឡើងវិញកាន់តែមានប្រសិទ្ធភាព។

រោងចក្រគាំពារការកែច្នៃឡើងវិញ

រដ្ឋាភិបាលរដ្ឋវិចថូរៀកំពុងនិយោគជិត 100លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធកែច្នៃឡើងវិញថ្មី ឬធ្វើឱ្យប្រសើរឡើង ដើម្បីកែច្នៃក្នុងតំបន់កាន់តែច្រើនជាងមុន។ ឧទាហរណ៍ ការវិនិយោគលើបច្ចេកវិទ្យាថ្មីអាចកែច្នៃ 40% នៃក្រដាស ឬក្រដាសក្រាសរឹងកែច្នៃឡើងវិញរបស់អ្នក ឲ្យក្លាយជាផលិតផលធ្វើពីក្រដាសថ្មី។

របៀបដែលការផ្លាស់ប្តូរនេះប៉ះពាល់ដល់អ្នក

សេវាកម្មកែច្នៃឡើងវិញនឹងខុសគ្នាពីសាលាសង្កាត់មួយទៅសាលាសង្កាត់មួយទៀត រហូតដល់ប្រព័ន្ធទូទាំងរដ្ឋត្រូវបានដាក់ឲ្យដំណើរការ។ នេះរួមមានទាំងសេវាកម្មផ្សេងៗដែលមានសម្រាប់អ្នក និងវត្ថុអ្វីដែលត្រូវដាក់ក្នុងធុងនីមួយៗ។ សូមមើលគេហទំព័រសាលាសង្កាត់ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានលម្អិតជាភាសាអង់គ្លេស។

ការដាក់វត្ថុកែច្នៃឡើងវិញបានត្រឹមត្រូវការពារមិនឲ្យធនធានដ៏មានតម្លៃធ្លាក់ទៅក្នុងទីលានចាក់សម្រាម ដូចនេះយើងអាចប្រើប្រាស់វាម្តងហើយម្តងទៀតបាន។

ការធ្វើបែបនេះហាក់បីដូចជាសកម្មភាពតូចតាច ប៉ុន្តែសកម្មភាពរបស់អ្នកអាចធ្វើឱ្យមានឥទ្ធិពលយ៉ាងធំធេងដល់អនាគតប្រកបដោយនិរន្តរភាពរបស់រដ្ឋវិចថូរៀ។