ទង្វើរតូចតាច ធ្វើឱ្យមានផលប៉ះពាល់ធំមួយ

Last updated: 1 August 2023
Share

ជ្រើសរើសសកម្មភាពតូចតាចរបស់អ្នកនៅថ្ងៃនេះ

សូម្បីតែការផ្លាស់ប្តូរតូចបំផុត អាចធ្វើឱ្យមានផលប៉ះពាល់ធំមួយ នៅពេលនិយាយអំពីការបង្កើតអនាគតប្រកបដោយនិរន្តរភាព។ វាអាចជាការធ្វើឱ្យប្រសើរឡើងពីរបៀបដែលអ្នកកែច្នៃឡើងវិញ ការជៀសវាងថង់ផ្លាស្ទិចប្រើតែមួយដង ឬការកាត់បន្ថយការខ្ជះខ្ជាយអាហារ។ ស្វែងយល់ពីកិច្ចការសាមញ្ញៗចំនួន ប្រាំដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ។ បន្ទាប់មក ជ្រើសរើសទង្វើរតូចមួយដែល ស័ក្តិសមនឹងអ្នក ហើយចាប់ផ្តើមធ្វើវានៅថ្ងៃនេះ!

ពិនិត្យមើលអ្វីដែលអាចដាក់ចូលទៅក្នុងធុងរបស់អ្នក នៅលើគេហទំព័រសាលាសង្កាត់របស់អ្នក

សេវាកម្មប្រមូលកាកសំណល់ និងវត្ថុកែច្នៃឡើងវិញ អាចផ្លាស់ប្តូរ ហើយជួនកាលមានភាពខុសគ្នា រវាងសាលាសង្កាត់។ ហេតុនេះហើយ វាមានសារៈសំខាន់ក្នុងការពិនិត្យមើល គេហទំព័រកាកសំណល់ និងវត្ថុកែច្នៃឡើងវិញរបស់សាលាសង្កាត់អ្នក ឱ្យបានទៀងទាត់ ដើម្បីឱ្យអ្នកដឹងថាវត្ថុអ្វីដែលអាច និងមិនអាច ដាក់ចូលទៅក្នុងធុងរបស់អ្នក។

កាលណាអ្នកដាក់វត្ថុត្រឹមត្រូវចូលទៅក្នុងធុងត្រឹមត្រូវ នោះអ្នកអាចជួយយើងឱ្យស្តារឡើងវិញ និងប្រើប្រាស់ឡើងវិញនូវធនធានដែលមានតម្លៃកាន់តែច្រើនឡើង ដើម្បីឱ្យមានសំរាមតិចនៅ កន្លែងចោលសំរាម។ នេះមានន័យថា វត្ថុកែច្នៃឡើងវិញភាគច្រើនរបស់អ្នក អាចប្រែក្លាយទៅជាវត្ថុ ថ្មីៗដូចជាកៅអីសួន និងផ្លូវថ្នល់ជាដើម។

គន្លឹះ៖

កុំភ្លេចយកដបទឹកដែលអាចប្រើឡើងវិញបាន នៅពេលអ្នកចេញពីផ្ទះ

ប្រជាជនអូស្ត្រាលីទិញដបប្លាស្ទិករាប់ប៊ីលានរាល់ឆ្នាំ ហើយថាមពល និងធនធានជាច្រើនដូចជា ទឹក និងប្រេង ត្រូវការជាចាំបាច់ដើម្បីផលិត និងដឹកជញ្ជូនដបប្លាស្ទិកទាំងនោះ។ គួរឱ្យស្តាយ ដបប្លាស្ទិកទាំងនេះជាច្រើនត្រូវចោលនៅកន្លែងចោលសំរាម ដែលត្រូវចំណាយពេលរាប់រយឆ្នាំ ទំរាំរលាយ។ វាក៏ក្លាយទៅជាសំរាមក្នុងផ្លូវទឹករបស់យើងដែរ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទ បរិស្ថាន និងសុខភាពរបស់យើង

អ្នកអាចជួយកាត់បន្ថយចំនួនដបប្លាស្ទិកដែលចោលក្នុងបរិស្ថាន។ សូមគ្រាន់តែយកដបទឹកដែលអាចប្រើឡើងវិញបាន ពេលអ្នកចេញទៅក្រៅ ហើយចាក់បំពេញវាជាជាងទិញទឹកដប។ នេះនឹងជួយសន្សំធនធានដ៏មានតម្លៃ និងអាចជួយសន្សំប្រាក់អ្នក!

គន្លឹះ៖

  • ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចងចាំដបទឹកដែលអាចប្រើឡើងវិញបានរបស់អ្នក ដោយទុកវានៅកន្លែងដែលងាយស្រួល បន្ទាប់ពីអ្នកលាងសម្អាតវា ដូចជានៅក្នុងកាបូប របស់អ្នក ឬនៅក្បែរកន្លែងដែលអ្នកទុកសោរបស់អ្នក។ ដោយវិធីនេះ វារួចរាល់ដើម្បីចេញ ដំណើរ។
  • ចាក់បំពេញដបទឹកដែលអាចប្រើឡើងវិញបានរបស់អ្នកដោយមិនគិតថ្លៃ នៅពេលអ្នក ចេញ នៅស្ថានីយ៍ចាក់បំពេញទឹក ក្នុងចំណោមស្ថានីយ៍ចាក់បំពេញទឹកជាច្រើន។ ស្វែងរកទីតាំងទឹកក្បាលរូប៊ីណេទឹកដែលនៅជិតអ្នក ដោយប្រើ ឧបករណ៍ស្វែងរកក្បាលរូប៊ីណេទឹក

រៀបចំផែនការអាហារពេលល្ងាចពីនៅថ្ងៃច័ន្ទដល់ថ្ងៃសុក្រ

ជារៀងរាល់ឆ្នាំ គ្រួសាររដ្ឋវិចថូរៀ ជាមធ្យម បានបោះចោលអាហារមានតម្លៃប្រហែល $2,200។ ភាគច្រើន វាបញ្ចប់នៅកន្លែងចោលសំរាម ដែលវាអាចបង្កើតឧស្ម័នបំផ្លាញជាតិអូហ្សូន រួមទាំងឧស្ម័នមេតាន ដែលវាបំផ្លាញបរិស្ថាន និងធ្វើឱ្យអាក្រក់ដល់សុខភាពរបស់យើង។ ពេលណាយើងខ្ជះខ្ជាយអាហារ យើងក៏ខ្ជះខ្ជាយធនធាន និងថាមពលដែលបានប្រើដើម្បីបណ្តុះ រៀបចំ វេចខ្ចប់ និងដឹកជញ្ជូនវាផងដែរ។

ដោយការរៀបចំផែនការអាហារពេលល្ងាចរបស់អ្នក អ្នកអាចសន្សំប្រាក់លើវិក្កយបត្រទិញទំនិញ ប្រចាំសប្តាហ៍របស់អ្នក កាត់បន្ថយបរិមាណអាហារដែលអ្នកខ្ជះខ្ជាយនៅផ្ទះ និងសង្រ្គោះធនធាន ធម្មជាតិទៀតផង។

គន្លឹះ៖

  • មធ្យោបាយដ៏ល្អបំផុតមួយដើម្បីជៀសវាងការខ្ជះខ្ជាយអាហារ គឺត្រូវរៀបចំផែនការអាហារ របស់អ្នក ស្ថិតលើអាហារដែលអ្នកមាននៅផ្ទះរួចហើយ ហើយដែលចាំបាច់ត្រូវប្រើឱ្យ អស់។
  • ពិនិត្យមើលប្រតិទិនគ្រួសាររបស់អ្នក ដើម្បីឱ្យអ្នកដឹងថាអ្នកណានឹងមកផ្ទះដើម្បីញ៉ាំអាហារ ពេលល្ងាចនៅសប្តាហ៍នោះ ហើយរៀបចំផែនការអាហារទៅតាមនោះ។

យកថ្មឬអាគុយចាស់ ទៅកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញ

អ្នកមិនអាចដាក់ថ្មឬអាគុយទៅក្នុងធុងសំរាមក្នុងផ្ទះរបស់អ្នកបានទេ ព្រោះវាអាចធ្វើឱ្យឆេះនៅក្នុង ធុងសំរាម ឬក្នុងឡានដឹកសំរាមដែលប្រមូលកាកសំណល់របស់អ្នក។ វាក៏មានផ្ទុកសារធាតុពុល ដែលបង្កគ្រោះថ្នាក់ដល់អ្នក គ្រួសាររបស់អ្នក និងបរិស្ថានផងដែរ។ ហេតុនេះហើយ ដែលអ្នកមិន គួរដាក់ប្រភេទថ្មឬអាគុយណាមួយនៅក្នុងធុងសំរាមនៅតាមចិញ្ចើមថ្នល់របស់អ្នកឡើយ។ ជាជំនួសវិញនោះ ចូរយកវាទៅកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញ។

ដោយការយកថ្មឬអាគុយចាស់របស់អ្នកទៅកន្លែងទទួលសំណល់ អ្នករក្សាវត្ថុដែលបង្កគ្រោះថ្នាក់រួចផុតពីធុងសំរាមរបស់អ្នក និងបរិស្ថាន។ វាក៏មានន័យផងដែរថា ធនធានដ៏មានតម្លៃអាចត្រូវបាន ស្តារឡើងវិញ និងប្រើប្រាស់ដើម្បីបង្កើតវត្ថុថ្មីៗ ដូចជាឧបករណ៍ធ្វើពីលោហៈធាតុ គ្រឿងបន្លាស់ កុំព្យូទ័រ ឬថ្មអាគុយថ្មីៗ។

គន្លឹះ៖

  • ដើម្បីស្វែងរកកន្លែងទទួលសំណល់ដែលនៅជិតអ្នកបំផុត សូមចូលទៅកាន់ B-cycle ឬសាកសួរសាលាសង្កាត់ក្នុងតំបន់របស់អ្នក។
  • ដើម្បីកាត់បន្ថយហានិភ័យនៃអគ្គិភ័យ សូមរុំបង់ស្អិតដែលមិនចម្លងចរន្តអគ្គិសនី (ដូចជាបង់ស្អិត duct tape, បង់ស្អិតថ្លា ឬបង់ស្អិតរុំខ្សែអគ្គិសនី) ពីលើក្បាលអាគុយ ដើម្បីកុំឱ្យវាកកិតគ្នាចេញផ្កាភ្លើងជាមួយអាគុយផ្សេងទៀត នៅពេលរក្សាទុកនៅផ្ទះ ឬនៅពេលយកទៅដាក់នៅក្នុងធុងទទួលអាគុយ។ ស្វែងយល់បន្ថែមអំពីរបៀប រក្សាទុក និងយកថ្មអាគុយចាស់របស់អ្នកទៅឱ្យគេដោយសុវត្ថិភាព

ពេលយកវត្ថុទៅកែច្នៃឡើងវិញ សូមយកអាហារ និងវត្ថុរាវចេញ

អាហារ ឬវត្ថុរាវណាមួយដែលបន្សល់ទុកក្នុងប្រអប់ដែលអាចកែច្នៃឡើងវិញ អាចហៀរកំពប់លើវត្ថុ ដែលអាចកែច្នៃឡើងវិញផ្សេងទៀតនៅក្នុងធុង នៅក្នុងឡានដឹកសំរាម និងនៅកន្លែងកែច្នៃឡើង វិញ។ នេះអាចកាត់បន្ថយគុណភាពនៃសម្ភារៈ និងបង្កបញ្ហានានាក្នុងដំណើរការកែច្នៃឡើងវិញ។ វាថែមទាំងអាចបណ្តាលឱ្យបន្ទុកទាំងមូលនៃវត្ថុកែច្នៃឡើងវិញ ត្រូវបានយកទៅកន្លែងចោល សំរាម។

កោសអាហារ និងវត្ថុរាវចេញពីប្រអប់របស់អ្នក មុនពេលដាក់ចូលទៅក្នុងធុងវត្ថុកែច្នៃឡើងវិញ របស់អ្នក។ នេះនឹងជួយរក្សាបន្ទុកទាំងមូលឱ្យស្អាត។ តាមវិធីនេះ យើងអាចបង្វែរវត្ថុកែច្នៃឡើងវិញ របស់យើងកាន់តែច្រើនទៅជាវត្ថុថ្មីៗ ដូចជាកៅអីសួន និងផ្លូវថ្នល់ជាដើម។

គន្លឹះ៖

  • វត្ថុកែច្នៃឡើងវិញរបស់អ្នក មិនចាំបាច់ត្រូវតែស្អាតឥតខ្ចោះនោះទេ។ អ្នកគ្រាន់តែកោសអាហារ ឬចាក់ចេញវត្ថុរាវដែលនៅសេសសល់ ឬលាងជម្រះនឹងទឹក នោះគឺជាការគ្រប់ គ្រាន់ ហើយ។
  • ដើម្បីសន្សំសំចៃទឹក សូមព្យាយាមលាងជម្រះវត្ថុកែច្នៃឡើងវិញរបស់អ្នកនៅក្នុងទឹកលាង ចាន ឬទឹកចម្អិនអាហាររបស់អ្នក។

តើត្រៀមខ្លួនជាស្រេចដើម្បីជ្រើសរើសទង្វើរតូចតាចរបស់អ្នកហើយឬនៅ?

ទង្វើរតូចតាចបែបនេះ គឺចាំបាច់គ្រប់គ្រាន់ដើម្បីធ្វើឱ្យមានផលប៉ះពាល់ធំមួយ។ មិនថាអ្នកយក អាគុយចាស់របស់អ្នកទៅកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញ ឬរៀបចំផែនការអាហារពេលល្ងាចពី ថ្ងៃច័ន្ទទៅថ្ងៃសុក្រ អ្នកនឹងជួយកែច្នៃឡើងវិញកាន់តែច្រើន សង្រ្គោះធនធានធម្មជាតិ និងបន្ថយ បរិមាណកាកសំណល់ដែលចោលនៅកន្លែងចោលសំរាម។

ចូរជ្រើសរើសទង្វើរតូចតាចរបស់អ្នក ហើយចាប់ផ្តើមធ្វើឱ្យមានផលប៉ះពាល់ដ៏ធំមួយ ទៅលើ អនាគត ប្រកបដោយនិរន្តរភាពរបស់រដ្ឋវិចថូរៀនៅថ្ងៃនេះ។