សូមដាក់វត្ថុកែច្នៃឡើងវិញរបស់អ្នកទៅក្នុងធុង ដាច់ដោយឡែកពីគ្នា មិនមែននៅក្នុងថង់ប្លាស្ទីកទេ

Last updated: 1 August 2023
Share

មូលហេតុដែលអ្នកគួរតែដាក់វត្ថុកែច្នៃឡើងវិញរបស់អ្នកទៅក្នុងធុង ដាច់ដោយឡែកពីគ្នា

បច្ចុប្បន្ននេះ 17% នៃពលរដ្ឋវិចថូរៀ បានដាក់វត្ថុកែច្នៃឡើងវិញរបស់ពួកគេនៅក្នុងថង់ប្លាស្ទីក ដែលធ្វើឱ្យវាក្លាយជាសារធាតុកខ្វក់ដ៏ធំមួយ នៅក្នុងធុងវត្ថុកែច្នៃឡើងវិញតាមផ្ទះ។

ការកខ្វក់កើតឡើងនៅពេលវត្ថុដែលមិនអាចកែច្នៃឡើងវិញបាន ត្រូវបានដាក់ទៅក្នុងធុងវត្ថុកែច្នៃឡើងវិញ។ វត្ថុដែលមិនអាចកែច្នៃឡើងវិញទាំងនេះ ត្រូវបានគេហៅផងដែរថាសារធាតុកខ្វក់ ដែលអាចទប់ស្កាត់វត្ថុកែច្នៃឡើងវិញពីដំណើរការ និងកែច្នៃវាទៅជាផលិតផលថ្មីៗ។

ការដាក់វត្ថុកែច្នៃឡើងវិញនៅក្នុងថង់ប្លាស្ទីក មិនអាចគេតម្រៀបទៅតាមប្រភេទ នៅឯរោងចក្រដំណើរការស្តារសម្ភារៈឡើងវិញបានទេ ពីព្រោះវត្ថុកែច្នៃឡើងវិញទាំងនេះអាច៖

  • ធ្វើខូចដល់គ្រឿងបរិក្ខារដោយការគាំងជាប់ក្នុងម៉ាស៊ីន
  • បង្កហានិភ័យសុខភាព និងសុវត្ថិភាពដល់បុគ្គលិកដែលតម្រៀបវត្ថុកែច្នៃឡើងវិញទៅតាមប្រភេទ ដោយសារគេមិនអាចមើលឃើញអ្វីៗដែលនៅក្នុងថង់ ហើយអាចរួមបញ្ចូលវត្ថុមុតស្រួច។

អត្ថប្រយោជន៍នៃការដាក់វត្ថកែច្នៃឡើងវិញ ដាច់ដោយឡែកពីគ្នា

  • វត្ថុអាចត្រូវបានគេតម្រៀបទៅតាមប្រភេទ និងដំណើរការ
  • វត្ថុជាច្រើនទៀតអាចត្រូវបានផលិតទៅជាផលិតផលថ្មីៗ (ដូចជាផ្លូវថ្នល់ ផ្លូវដើរ កែវក្រឡ ប្រអប់ដាំដំណាំ និងកៅអីវែង)
  • ផលប៉ះពាល់ផ្នែកបរិស្ថានពីវត្ថុធាតុដើមថ្មី ឬវត្ថុធាតុដើមត្រូវបានកាត់បន្ថយ

គន្លឹះជំនួយក្នុងការកែច្នៃឡើងវិញ

ប្រមូលវត្ថុកែច្នៃឡើងវិញរបស់អ្នកដាក់ក្នុងកន្ត្រក ធុងប្លាស្ទិក ឬប្រអប់ក្រដាសកាតុង

ពេលណាពេញវាហើយ សូមចាក់វត្ថុទាំងនោះទៅក្នុងធុងវត្ថុកែច្នៃឡើងវិញតាមផ្ទះរបស់អ្នក ដើម្បីឱ្យវត្ថុទាំងអស់នៅដាច់ដោយឡែកពីគ្នា។

ពិនិត្យមើលជាមួយសាលាក្រុងរបស់ អ្នកថាតើមានវត្ថុអ្វីខ្លះដែលអាចកែច្នៃឡើងវិញ

សាលាក្រុងនីមួយៗកែច្នៃឡើងវិញខុសៗគ្នា ដូច្នេះជាការសំខាន់ត្រូវយល់ដឹងអំពីអ្វីខ្លះ ដែលសាលាក្រុងរបស់អ្នកអាចទទួលយកបាន។ វិធីងាយស្រួលបំផុតដើម្បីស្វែងយល់អំពីការនេះ គឺពិនិត្យមើលដំបូន្មានអំពីកាកសំណល់ និងការកែច្នៃឡើងវិញរបស់សាលាក្រុងអ្នក។

វត្ថុមួយចំនួនដែលមិននៅក្នុងធុងវត្ថុកែច្នៃឡើងវិញបានត្រឹមត្រូវ នៅតែអាចកែច្នៃឡើងវិញបាន

វត្ថុជាច្រើននៅតែអាចកែច្នៃឡើងវិញបាន ទោះបីជាវត្ថុទាំងនោះ មិននៅក្នុងធុងវត្ថុកែច្នៃឡើងវិញរបស់អ្នកនៅផ្ទះក៏ដោយ។

ស្វែងយល់ពីកន្លែងដែលអ្នកអាចចោលកាកសំណល់តាមផ្ទះ សម្រាប់វត្ថុដែលមិនអាចដាក់ចូលទៅក្នុងធុងវត្ថុកែច្នៃឡើងវិញ ឬធុងសំរាមរបស់អ្នក។

ការកែច្នៃឡើងវិញនៅរដ្ឋវិចថូរៀកំពុងមានភាពប្រសើរឡើង

នៅទូទាំងប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយ លើវិធីធ្វើឱ្យមានសំរាមកាន់តែតិច និងធ្វើការកែច្នៃឡើងវិញបានកាន់តែច្រើន។ វាជាបញ្ហាដ៏ធំ និងស្មុគស្មាញមួយ ហើយគ្មានអ្វីងាយស្រួលក្នុងដោះស្រាយឱ្យបានឆាប់រហ័សនោះទេ។

នៅឆ្នាំ 2020 រដ្ឋាភិបាលរដ្ឋវិចថូរៀ បានផ្សព្វផ្សាយអំពី រដ្ឋវិចថូរៀកែច្នៃឡើងវិញ៖ ជាសេដ្ឋកិច្ចថ្មីមួយ ផែនការវិនិយោគ $380 លានដើម្បីផ្លាស់ប្តូរជាមូលដ្ឋាននៃវិស័យកែច្នៃឡើងវិញរបស់យើង ដើម្បីកសាងសេដ្ឋកិច្ចមួយដែលគ្មានកាកសំណល់ និងការបំពុល។ យុទ្ធនាការនេះគឺជាផ្នែកនៃកម្មវិធីរដ្ឋវិចថូរៀកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយកាកសំណល់ និងធ្វើឱ្យការប្រើប្រាស់ធនធានរបស់យើងកាន់តែមានផលិតភាព។